ព្រឺរោម! អ្នកស្រាវជ្រាវ រកឃើញបច្ចេកវិទ្យា មើលធ្លុះជញ្ជាំងដោយប្រើតែ​ដុំ Wifi មិនចាំបាច់ប្រើកាមេរ៉ា
Navasiri Morm
JANUARY 20 2023
នវានុវត្តន៍
1.6 K views
2 mins read

នេះគឺជារឿងដ៏អស្ចារ្យមួយ ដោយក្រុមអ្នកស្រាវជ្រាវអាចរកឃើញបច្ចេកវិទ្យាមើលធ្លុះជញ្ជាំង តាមរយៈការប្រើប្រាស់ដុំ Wifi ដោយមិន ដោយមិនចាំបាច់ប្រើប្រាស់កាមេរ៉ាសុវត្ថិភាព ឬបច្ចេកវិទ្យា​ LiDAR ដើម្បីចាប់រូបភាព ឬកាយវិការរបស់មនុស្សឡើយ។

ប្រវត្តិនៃការស្រាវជ្រាវបច្ចេកវិទ្យាមើលធ្លុះញ្ជាំងដោយប្រើដុំ Wifi

បើតាមគេហទំព័រ Interesting Engineer បានឱ្យដឹងថា គម្រោងមើលធ្លុះជញ្ជាំងដោយមិនប្រើការមេរ៉ាមួយនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ MIT រកឃើញជាងលើកដំបូងនៅក្នុងឆ្នាំ២០១៣ ដោយតាមរយៈការប្រើប្រាស់រលកសញ្ញាពីទូរសព្ទដៃតាមរយៈជញ្ជាំង។ ហើយក្រោយមកនៅក្នុងឆ្នាំ២០១៨ ក៏មានក្រុមអ្នកស្រាវជ្រាវមួយក្រុមទៀតនៅ MIT បានបន្ដស្រាវជ្រាវលើគម្រោងមួយនេះ ដោយគេបានរកឃើញពីវិធីក្នុងការប្រើប្រាស់ Wifi ដើម្បីកំណត់សម្គាល់មនុស្ស នៅក្នុងបន្ទប់មួយផ្សេងទៀតបាន តាមរយៈការបកប្រែចលនារបស់ពួកគេ ដោយមិនចាំបាច់ប្រើការមេរ៉ា។ ហើយបច្ចុប្បន្ន គម្រោងមួយនេះកំពុងតែត្រូវបានស្រាវជ្រាវនិងអភិវឌ្ឍន៍បន្ដដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Carnegie Mellon University និងសាកលវិទ្យាល័យ University of Waterloo។

១៨៣

ប្រើដុំ Wifi អាចមើលធ្លុះជញ្ជាំង​ដោយរបៀបណា?

ក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Carnegie Mellon University បានរកឃើញវិធីថ្មីក្នុងការចាប់យកចលនា និងកាយវិការរបស់មនុស្សនៅក្នុងបន្ទប់ជាទម្រង់ 3D តាមរយៈដុំ Wifi។ បន្ថែមពីនេះទៀត គេបានប្រើប្រាស់ប្រព័ន្ធ DensePose ដែលបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវផ្នែក AI របស់ Facebook ដោយប្រព័ន្ធមួយនេះអាចជួយឱ្យគេគូសផែនទីភីកសែលទាំងអស់លើផ្ទៃនៃរាងកាយមនុស្ស ក៏ដូចជាអាចចាប់យកសំណុំនៃកូអរដោណេសម្រាប់ផ្នែកនីមួយៗនៃរាយកាយរបស់មនុស្សបាន ដូចជាដៃ ក្បាល តួរខ្លួនជាដើម ដែលវានឹងជួយឱ្យគេអាចសម្គាល់ចំណុចសំាន់ ដែលអាចពិពណ៌នាអំពីឥរិយាបថរបស់ និងការបន្លាស់ទីផ្សេងៗរបស់មនុស្សបាន។

Gif

ជាមួយគ្នានេះដែរ សម្រាប់ការបញ្ចូលចលនាទាំងអស់ចូលទៅក្នុងប្រព័ន្ធ DensePose គេត្រូវធ្វើការបញ្ជូនរលកសញ្ញា Wifi ដែលមានថាមពលទាបតាមរយៈជញ្ជាំងដែលវិលជុំវិញបន្ទប់ ដែលវាជួយឱ្យគេអាចរកឃើញ និងអាចកំណត់វត្ថុទាំងអស់នៅក្នុងបន្ទប់។ បន្ថែមពីនេះទៀត វាអាចចាប់ដឹងពីការប្រែប្រួលបម្លាស់ទីរបស់មនុស្ស និងឱ្យជាសញ្ញាលោតត្រឡប់មកវិញ បង្កើតបានជារូបភាពដូចរ៉ាដា។

តាមរយៈការចាប់រលកសញ្ញាតាម Wifi បូករួមនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា DensePose គឺអាចជួយឱ្យគេចាប់ដឹងពីវត្ថុ សត្វ និងសកម្មភាពរបស់មនុស្សនៅក្នុងបន្ទប់បិទជិតមួយបានយ៉ាងអស្ចារ្យ ដោយមិនចាំបាច់ប្រើប្រាស់កាមេរ៉ាសុវត្ថិភាព ឬបច្ចេកវិទ្យា LiDAR នោះឡើយ។

184

តើបច្ចេកវិទ្យាមួយនេះ នឹងជួយអ្វីខ្លះ?

បើតាមក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Carnegie Mellon University បានឱ្យដឹងថា បច្ចេកវិទ្យាថ្មីអាចមើលធ្លុះជញ្ជាំងបានតាមរយៈរលកសញ្ញាដែលជះចេញពីដុំ Wifi នេះ អាចប្រើក្នុងការជួយតាមដានសុខុមាលភាពរបស់មនុស្សចាស់បាន ពោលគឺកូនៗ អាចធ្វើការតាមដានពីសកម្មភាពរបស់ឪពុកម្ដាយចាស់នៅផ្ទះបាន ក្នុងករណីដែលលោកជួបបញ្ហាសុខភាពណាមួយបន្ទាន់ កូនៗ អាចទទួលបានដំណឹងនិងអាចជួយពួកគាត់ទាន់ពេលវេលា។ បន្ថែមពីនេះទៀត តាមរយៈបច្ចេកវិទ្យាមួយនេះ វាក៏អាចចាប់ដឹងពីសកម្មភាពខុសប្រក្រតីរបស់ជនខិលខូចបានដូចគ្នា៕

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia